01
Jan

ភ្នំពេញ៖ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមប្រជុំជាមួយ លោក ESFAHANI NEJAD Mahmoud តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីអនុវត្តគម្រោងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពតាមរយៈ ការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលារចនា” ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ក្នុងអំទ្បុង ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។
គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី (១)-កសាងសមត្ថភាពនិស្សិត នៃសាលារចនាជាមួយនឹងឱកាសដើម្បីអនុវត្តការរៀនសូត្រតាមមធ្យោបាយផ្សេងៗដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ (២) -ពង្រីកជំនួយបច្ចេកទេសទៅដល់សហគមន៍ដែលមានកង្វះខាតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួចដោយការសហការនិងធ្វើការតាមរយៈសាលារៀន (៣)-បណ្តុះបណ្តាលនិស្សិតនៃសាលា រចនាដែលបានបញ្ចប់ការសិក្សាផ្នែកសិល្បៈដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាមុននឹងពួកគាត់ចាប់ផ្តើមប្រកបការងាររបស់ខ្លួន។